ពត៌មាន
ចម្លាក់បុរាណខ្មែរចំនួន ៩ បង្ហាញខ្លួនក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនៅអូស្ត្រាលី
ចុះផ្សាយនៅថ្ងៃ៖ 24/06/2026 ~ 20 ម៉ោងមុន
•
ប្រទេសកម្ពុជាបាននាំយកចម្លាក់បុរាណ និងគំនូរចំនួន៩ ទៅចូលរួមដាក់តាំងក្នុងពិព័រណ៍ពិភពលោកស្តីពីទម្រង់អវតាររបស់ព្រះវិស្ណុ នៅទីក្រុងស៊ីដនីយ៍ ប្រទេសអូស្រ្តាលី។ រូបទាំងនេះមានចម្លាក់ថ្មចំនួន ៥, លោហៈ ១ និងគំនូរចំនួន ៣ ក្នុងនោះមាន ផ្ដែរព្រះនារាយណ៍ផ្ទុំ ផ្ដែរព្រះនារាយណ៍ជិះគ្រុឌ ពាជីមុខ ព្រះនារាយណ៍ គ្រឹស្ណាទ្រភ្នំ និងគំនូររឿងរាមកេរ្តិ៍ ។

វត្ថុសិល្បៈខ្មែរទាំង៩នេះត្រូវដាក់តាំងរួមគ្នាជាមួយរូបចម្លាក់ផ្សេងៗទៀ តដែលបង្ហាញអំពីទម្រង់របស់ព្រះវិស្ណុ សរុបចំនួនប្រមាន២០០រូបចម្លាក់ មកពីសារមន្ទីរល្បីៗនៅលើពិភពលោក នៅក្នុងវិចិត្រសាលសិល្បៈ New South Wales។ ពិព័រណ៍មិនអចិន្រ្តៃយ៍នេះមានរយៈពេល៤ខែ ចាប់ពីថ្ងៃទី២០ ខែមិថុនា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលការតាំងពិព័រណ៍រូបចម្លាក់ខ្មែរធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែសម្រាប់រយៈពេលប្រមាណប្រាំឆ្នាំចុងក្រោយ ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍ អំពី Avatar ព្រះវិស្ណុនេះ គឺជាលើកទី១ហើយដែលមានការនាំយករូបចម្លាក់ខ្មែរមកបង្ហាញនៅក្នុងទឹកដីប្រទេសអូស្រ្តាលី។














