ពត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ៖ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ខេត្តព្រះវិហារ
ចុះផ្សាយនៅថ្ងៃ៖ 02/06/2026
•
នៅថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ០៨:០៤ នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាទីតាំងត្រូវបានទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដោយបានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ និងធ្វើការពិនិត្យលើការគោរព និងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរ។

ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ខាងលើនេះ គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាត ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
















