ពត៌មាន
សេចក្តីអំពាវនាវរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងធម្មការ និងសាសនា ពាក់ព័ន្ធនឹងពិធីភ្ជាប់ពាក្យកូនចៅ ដោយបញ្ចូលកិច្ចសំពះផ្ទឹមចងដៃ
ចុះផ្សាយនៅថ្ងៃ៖ 01/06/2026
•
សេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ដូនតារបស់យើងបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ សម្រាប់អនុជនជំនាន់ក្រោយប្រតិបត្តិតរៀងមក។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិរក្ស ថែរក្សាការពារវប្បធម៌ ប្រពៃណី និងសាសនាឱ្យមានភាពរឹងមាំនិងរីកចម្រើនជាបន្តបន្ទាប់។

នាពេលកន្លងមក ប្រជាជនយើងមួយចំនួនបានប្រារព្ធ “ពិធីភ្ជាប់ពាក្យ”កូនចៅ ដោយបញ្ចូល“កិច្ចសំពះផ្ទឹម ចងដៃ”នៅក្នុងពិធីនេះ ហើយក៏មានប្រជាជនខ្លះបានប្រើប្រាស់ឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល មកប្រើប្រាស់នៅក្នុងកិច្ចពិធីមួយចំនួននៃមង្គលការផងដែរ។ ការរៀបចំពិធីបែបនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទម្រង់ដើមនៃការរៀបអាពាហ៍ពិពាហ៍ និងមិនមែនជាទំនៀមទម្លាប់ដូនតាខ្មែរពីបុរាណយើងទេ ព្រោះថាកិច្ចសំពះផ្ទឹមចងដៃត្រូវបានរៀបចំតែក្នុងថ្ងៃនៃពិធីមង្គលការ តែប៉ុណ្ណោះ រីឯឯកសណ្ឋានសម្គាល់មន្ត្រីរាជការ សញ្ញាស័ក្តិ និងរូបសញ្ញារដ្ឋបាល ក៏មិនមែនជាសម្លៀកបំពាក់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីមង្គលការនោះដែរ។









