ពត៌មាន

ក្រសួងរៀបចំដែនដី បានបង្ហាញពីភាពរីករាយ សាទរជាមួយសមិទ្ធផលដែលសម្រេចបានពាក់ព័ន្ធនឹងយុទ្ធនាការវាស់វែង និងចុះបញ្ជីក្បាលដី

ចុះផ្សាយនៅថ្ងៃ៖​​ 22/01/2026

អត្ថបទដោយ៖ Palem Phay
ក្រសួងរៀបចំដែនដី បានបង្ហាញពីភាពរីករាយ សាទរជាមួយសមិទ្ធផលដែលសម្រេចបានពាក់ព័ន្ធនឹងយុទ្ធនាការវាស់វែង និងចុះបញ្ជីក្បាលដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីភាពរីករាយ សាទរជាមួយសមិទ្ធផលដែលសម្រេចបានពាក់ព័ន្ធនឹងយុទ្ធនាការវាស់វែង និងចុះបញ្ជីក្បាលដីនៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី ក៏បានថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើមភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិលលើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ក៍ដូចជាបញ្ចប់មន្ទិលភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច ។ ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិចផងដែរ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងងពិធីប្រគល់ប័ណ្ណសមូហភាពជូនបងប្អូនជនជាតិដើមភាគតិច នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅស្រុកអូជុំ ខេត្តរតនគិរី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមថែរក្សា និងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកំសាន្ត លើកស្ទួយជីវភាពពលរដ្ឋនៅភូមិភាគឦសានឱ្យកាន់តែរីកចម្រើនទៅមុខ។

សូមបញ្ជាក់ថា ពិធីចែកប័ណ្ណសមូហភាពនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ត្រូវបានធ្វើឡើងចំនួន ២៦២ប័ណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទាន ដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ចំនួន ៥ភូមិ រួមមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរិ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)