ពត៌មាន
សម្តេចតេជោជំរុញកម្ពុជា-បារាំងបន្តពង្រឹងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគបន្ថែមទៀត
ចុះផ្សាយនៅថ្ងៃ៖ 25/02/2026
•
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឲ្យភាគីកម្ពុជា និងបារាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ថា សម្ដេចតេជោបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំង ដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ។

ចំណែកឯកឧត្តម Thomas Lam បានសម្ដែងការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង និងបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា ។










