ពត៌មាន
កម្ពុជា អំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ផលិត ផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម
ចុះផ្សាយនៅថ្ងៃ៖ 04/08/2026
•
កម្ពុជាប្រឆាំងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម និងបានអំពាវនាវឱ្យពិភពលោករួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរនិងការស្តុកទុកគ្រាប់បែកចង្កោម។ នេះជាការបញ្ជាក់ដោយឯកឧត្តម លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា ក្នុងឱកាសឯកឧត្តមចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅស្រុកកូនមុំ ខេត្តរតនគិរី កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

សកម្មភាពនៅទីនោះក្រោមជំនួយរបស់អង្គការជំនួយនៃប្រជាពលរដ្ឋន័រវេសន៍ (NPA)នៅទីលានផ្ទាល់ ឯកឧត្តមអនុប្រធានទី១ នៃអាជ្ញាធរមីន បានលើកឡើងថា គ្រាប់បែកចង្កោមជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកនូវផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ កម្ពុជាជាប្រទេសដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម និងយល់ច្បាស់អំពីទុក្ខវេទនា ការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ដោយភ្ជាប់ទៅកាន់ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម លី ធុជ បានរំលឹកថាកាលពីឆ្នាំ២០២៥ទាហានថៃបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារចូលក្នុងទឹកដីកម្ពុជាទាំងតំបន់សមរភូមិនិងតំបន់ជនស៊ីវិល ដែលបង្កការគំរាមកំហែងរយៈពេលវែងដល់អាយុជីវិតប្រជាពលរដ្ឋ និងបង្កើនបន្ទុកបន្ថែមដល់រាជរដ្ឋាភិបាលកម្ពុជា។












