ពត៌មាន

កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

ចុះផ្សាយនៅថ្ងៃ៖​​ 30/07/2026

អត្ថបទដោយ៖ Palem Phay
កម្ពុជាប្រាប់ UN ថា មីនចាស់ដោះមិនទាន់អស់ផង ឥឡូវថែមគ្រាប់បែកចង្កោមរបស់ថៃទៀត

នៅចំពោះមុខអង្គការសហប្រជាជាតិ កម្ពុជាបានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីន និងរួមចំណែករក្សាសន្តិភាពពិភពលោក។ ប៉ុន្តែស្របពេលដែលកម្ពុជាកំពុងប្រឹងប្រែងរំដោះផ្ទៃដីមានមីន ពេលនេះកម្ពុជាត្រូវមានបន្ទុកថ្មីមួយទៀត គឺបោសសម្អាតគ្រាប់បែកចង្កោម និងយុទ្ធភណ្ធមិនទាន់ផ្ទុះ ដែលទម្លាក់ដោយកងទ័ពថៃ ហើយកំពុងបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់មនុស្សធម៌។ ប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរពីសង្គ្រាម បានបន្តដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍នៃការបោសសម្អាតគ្រាប់មីន និងសកម្មភាពមនុស្សធម៌។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មការកសាងសន្តិភាព ក្រោមប្រធានបទ «សកម្មភាពមីនជាកត្តាជំរុញដល់ការកសាងសន្តិភាព យុត្តិធម៌អន្តរកាល ការផ្សះផ្សា និងការស្តារឡើងវិញ» នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៩ កក្កដា ឯកឧត្តម យោង ចាន់សុភារ ភារធារីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា សកម្មភាពមីនមិនត្រឹមតែជាកិច្ចការមនុស្សធម៌ និងសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគយ៉ាងសំខាន់លើការកសាង និងថែរក្សាសន្តិភាពប្រកបដោយចីរភាព។

រហូតមកទល់ពេលនេះ កម្ពុជាសម្រេចបានសមិទ្ធផលធំធេង ដោយបានរំដោះផ្ទៃដីដែលមានសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានរហូតដល់ជិត ៣ពាន់ ៦០០ គីឡូម៉ែត្រការ៉េ ក្នុងនោះមានផ្ទៃដីរំដោះគ្រាប់មីនប្រឆាំងមនុស្សជិត ២ ៦០០ គីឡូម៉ែត្រការ៉េ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)