ពត៌មាន
ឯកឧត្ដមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
ចុះផ្សាយនៅថ្ងៃ៖ 17/07/2026
•
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យមើលជាក់ស្តែងម៉ាស៊ីនបូមទឹកចល័ត នៅមូលដ្ឋានជម្រកគ្រឿងចក្រ ដែលមានទីតាំងស្ថិតក្នុងភូមិគោករមៀត ឃុំកណ្ដោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងការរៀបចំ គ្រប់គ្រង ថែទាំ និងជួសជុលគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកចល័ត ព្រមទាំងការរៀបចំបរិស្ថាននិងទីតាំងបានល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា ក្រសួងធនធានទឺក និងឧតុនិយម បានត្រៀមរួចជាស្រេច ម៉ាស៊ីនបូមទឹកចល័តសរុបប្រមាណជាង ៤០០គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកកម្លាំង៦៥សេះនៅក្រសួងផ្ទាល់ចំនួន ១១៥គ្រឿង និងនៅតាមមន្ទីររាជធានី-ខេត្តប្រមាណ ៣០០គ្រឿង ដើម្បីជួយអន្តរាគមន៍ទៅដល់ទីតាំងខ្វះខាតទឹក ពេលមានគ្រោះរាំងស្ងួតឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់នាពេលអនាគត៕










