ពត៌មាន
រាជរដ្ឋាភិបាល សម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង
ចុះផ្សាយនៅថ្ងៃ៖ 26/03/2026
•
រាជរដ្ឋាភិបាល សម្ពោធដាក់ឱ្យដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី នៅខេត្តស្វាយរៀង ដែលមានសមត្ថភាពផលិតទឹកស្អាត ៦ ៨០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ រោងចក្រនេះជួយពង្រីកការផ្គត់ផ្គង់ទឹកស្អាតឱ្យគ្របដណ្តប់ក្នុងក្រុងស្វាយរៀងពី ៣២% ទៅ ៥៨%។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រកាសបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅខេត្ត ៥ រួមមាន ស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងមណ្ឌលគិរី ដោយមានទុនវិនិយោគសរុប ៦០លានដុល្លារអាមេរិក។ គម្រោងនេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាត ១៣ ៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ពង្រីកបណ្តាញចែកចាយប្រវែង ៧៣៩ គីឡូម៉ែត្រ និងផ្តល់ទឹកស្អាតដល់គ្រួសារថ្មី ២៨ ៦៦០។

ការវិនិយោគ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធខាងលើនេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការកែលម្អសេវាទឹកស្អាត កាត់បន្ថយភាពខុសគ្នារវាងទីក្រុង និងជនបទ និងលើកកម្ពស់សុខុមាលភាពប្រជាជន។










