ពត៌មាន

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Infinity Sport ផ្តោតលើការលើកកម្ពស់វិស័យកីឡាតាមរយៈសារព័ត៌មាន

ចុះផ្សាយនៅថ្ងៃ៖​​ 05/02/2026

អត្ថបទដោយ៖ Palem Phay
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុន Infinity Sport ផ្តោតលើការលើកកម្ពស់វិស័យកីឡាតាមរយៈសារព័ត៌មាន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានទទួលជួបពិភាក្សាការងារជាមួយ លោក S.T Arasu នាយកក្រុមហ៊ុន Infinity Sport ធ្វើអាជីវកម្មស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួង ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាព និងផ្តល់ការយល់ដឹងឲ្យបានច្បាស់លាស់ដល់អ្នកសារព័ត៌មាន ដែលធ្វើការនៅក្នុងវិស័យកីឡា។

លោក S.T Arasu បានជម្រាបជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថា៖ ក្រុមហ៊ុន Infinity Sport ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ដែលបង្កើតនៅដើមឆ្នាំ២០២៤ និងមានកម្មវត្ថុអាជីវកម្ម ស្តីពីការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ជាគោល។ បច្ចុប្បន្ន ក្រុមហ៊ុនបានរៀបចំផែនការប្រចាំឆ្នាំ២០២៦ ដែលក្នុងផែនការនោះក្រុមហ៊ុនគ្រោងរៀបចំ សិក្ខាសាលាមួយដែលមានគោលបំណងពង្រឹងសមត្ថភាពរាយការណ៍ និងសរសេរអត្ថបទព័ត៌មានដែលអាចគ្របដណ្តប់បានគ្រប់ជ្រុងជ្រោយនៃព្រឹត្តិការណ៍។

ក្នុងសិក្ខាសាលាស្តីពីអ្នកសារព័ត៌មានក្នុងវិស័យកីឡានោះ ក៏នឹងមានគ្រូឧទ្ទេសដែលមានបទពិសោធន៍ជាងមួយទសវត្ស និងធ្លាប់ទទួលបានពានរង្វាន់ “The Star” ប្រចាំប្រទេសម៉ាឡេស៊ី ចំនួនពីរលើក។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)