ពត៌មាន
ការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល៖ បម្រើប្រជាជន បង្កើនការអភិវឌ្ឍ និងពង្រឹងសុខុមាលភាពសង្គម
ចុះផ្សាយនៅថ្ងៃ៖ 07/09/2026
•
រាជដ្ឋាភិបាលដែលមានគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាគណបក្សកាន់អំណាច បានខិតខំប្រឹងប្រែង អស់កម្លាំងកាយចិត្តក្នុងការលើកកម្ពស់ការងារ សេដ្ឋកិច្ច ពាណិជ្ជកម្ម គមនាគមន៍ កសិកម្ម សុខាភិបាល សន្តិសុខ សាសនា ទេសចរណ៍ និងសង្គមកិច្ច ជាពិសេសការបម្រើ ប្រជាពលរដ្ឋអស់ពីលទ្ធភាព ជំរុញនូវការអភិវឌ្ឍជាតិ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈ កម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ១ ៣០០នាក់ មកពីគណៈកម្មាធិការគណបក្សមូលដ្ឋាន ចំណុះគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា នាចុងសប្ដាហ៍នេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានគណៈកម្មាធិការគណបក្ស ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត របស់សមាជិកបក្សថ្មី ដែលជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះបន្តទៀត ឈានទៅបង្កើតសមិទ្ធផលរួមគ្នាកាន់តែច្រើន ឯកឧត្តម ហង់ ជួនណារ៉ុន សូមឱ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ និងក្រុមការងារទាំងអស់ បន្តខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ដោះស្រាយការលំបាក និងបញ្ហាដែលកើតមាននៅមូលដ្ឋាន អភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ជាពិសេសត្រូវពង្រឹង និងពង្រីកសមាជិកភាព គណបក្សប្រជាជនកម្ពុជា តាមរយៈការធ្វើបច្ចុប្បន្នភាពសមាជិក គណបក្ស ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ បន្តពង្រឹង រចនាសម្ព័ន្ធ និងហេដ្ឋារចនាសម្ព័ន្ធគណបក្ស ជំរុញការរួបរួមគ្នា។





















