ពត៌មានបរិស្ថាន
ប្រទះឃើញបង្គួយបន្លាភ្នំ ឬបង្គួយស្នែង នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ 16/07/2026
•
បើយើងមើលវាតែមួយភ្លែត ហាក់ដូចជាកូនដាយណូស័រសម័យដើម ប៉ុន្តែវាមិនមែននោះទេ តែក៏មិនមែនជាសត្វចម្លែកដែរ។ បង្គួយបន្លាភ្នំ ឬបង្គួយស្នែង ត្រូវបានមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងក្រុមអ្នកទេសចរណ៍ដើរព្រៃ បានប្រទះឃើញ កាលពីពេលថ្មីៗកន្លងមកនេះ នៅក្នុងតំបន់សក្តានុពលលម្ហែបៃតងលើភ្នំទំព័រ នៃដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានរយៈកម្ពស់ស់១ ៥៥១ម៉ែត្រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្រុមអ្នកដើរព្រៃបានឱ្យដឹងថា ពួកគាត់បានជួបប្រទះសត្វបង្គួយចម្លែក ដែលកម្របានឃើញប្រភេទសត្វនេះ ពីជីវៈចម្រុះដទៃ និងពុំធ្លាប់ឃើញមាននៅតាមតំបន់ការពារផ្សេងទៀតនៅកម្ពុជា។

បង្គួយបន្លាភ្នំ ឬបង្គួយស្នែង ត្រូវបានគេស្គាល់ មានឈ្មោះវិទ្យាសាស្ត្រ៖ Acanthosaura ដែលគេច្រើនស្គាល់ថា Mountain Horned Dragon។ លក្ខណៈសម្គាល់ពិសេសរបស់វាមានដូចជា៖ ស្នែង និងបន្លាស្រួចៗដុះនៅពីលើក្បាល (មើលទៅដូចស្នែង) និងមានជួរបន្លាវែងៗដុះតាមបណ្តោយខ្នង។ខ្លួនវាមានពណ៌ត្នោត ឬពណ៌ដី ដែលជួយឱ្យវាអាចបន្លំខ្លួនបានយ៉ាងល្អជាមួយមែកឈើ ឈើស្ងួត និងមជ្ឈដ្ឋានជុំវិញក្នុងព្រៃបាន។ ពួកវាចូលចិត្តរស់នៅក្នុងព្រៃក្រាស់ៗ តំបន់ភ្នំ ឬកន្លែងដែលមានសំណើមខ្ពស់ និងត្រជាក់។ សត្វប្រភេទនេះមិនមានពិស ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយវាស៊ីសត្វល្អិតតូចៗជាអាហារ។





